April 18, 2017

មេធាវី​នឹង​បញ្ជូន​សំណុំ​រឿង​ប្ដឹង​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន​វិញ

នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​សែន​ក្រុងពាលី​នៃ​ការ​ប្រកួត​កីឡា​យោធា កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧ នា​កោះពេជ្រ រាជធានី​ភ្នំពេញ។ RFA/Brach Chev

ដោយ សុ ជីវី RFA 2017-04-18

មេធាវី​របស់​ក្រុម​គ្រួសារ​លោក មាជ សុវណ្ណារ៉ា នឹង​បញ្ជូន​សំណុំ​រឿង​ប្ដឹង​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ឌីស៊ី (Washington DC) វិញ បន្ទាប់​ពី​រក​ឃើញ​ថា ចៅក្រម​នៅ​តុលាការ​មួយ​នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) ទំនង​នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក ហ៊ុន ម៉ាណែត ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ករណី​កង​អង្គរក្ស​របស់​លោក បាន​វាយ​បុរស​ម្នាក់​ដែល​កាន់​ដីកា​តុលាការ​ទៅ​ជូន​លោក។

មេធាវី​អះអាង​ថា បណ្ដឹង​ទៅ​រដ្ឋធានី​វ៉ាស៊ីនតុន គឺ​ជា​មធ្យោបាយ​ដែល​អាច​ឲ្យ​តុលាការ​អាមេរិក កោះ​ហៅ​លោក ហ៊ុន ម៉ាណែត តាម​រយៈ​ការ​បញ្ជូន​ដីកា​ទៅ​រដ្ឋាភិបាល​កម្ពុជា។

លោក​មេធាវី មូរតុន ក្លារ (Morton Sklar) ពន្យល់​ថា នីតិវិធី​នៃ​ការ​ប្ដឹង​លោក ហ៊ុន ម៉ាណែត ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយតប់​លើ​លោក ផល ហេយស៍ (Paul Hayes) ជា​ស្មៀន​បញ្ជូន​ដីកា​តុលាការ ទំនង​នឹង​ត្រូវ​ចៅក្រម​នៅ​តុលាការ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ទាត់​ចោល បើ​ទោះ​បី​ជា​សាលក្រម​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ក្ដី ហើយ​វិធី​ដែល​អាច​ប្រគល់​ដីកា​របស់​តុលាការ​អាមេរិក ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត គឺ​បន្ត​ប្ដឹង​ទៅ​តុលាការ​នៅ​រដ្ឋធានី​របស់​សហរដ្ឋ​អាមេរិក។

ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មេសា លោក​មេធាវី មូរតុន ក្លារ លើក​ឡើង​ថា ការ​បង្វែរ​បណ្ដឹង​ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន គឺ​ចង់​បង្ហាញ​ថា បណ្ដឹង​ទៅ​តុលាការ​សហរដ្ឋ​អាមេរិក ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​លោក មាជ សុវណ្ណារ៉ា គឺ​ជា​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា រួម​នឹង​លោក ហ៊ុន ម៉ាណែត ផង​ដែរ៖ «»។

លោក មូរតុន ក្លារ ជា​មេធាវី​របស់​ភរិយា​លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​លោក ហ៊ុន ម៉ាណែត ទៅ​តុលាការ​នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម។ លោក​ថា បណ្ដឹង​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​លោក ហ៊ុន ម៉ាណែត មាន​វត្តមាន​នៅ​អាមេរិក។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៦ អង្គរក្ស​លោក ហ៊ុន ម៉ាណែត មួយ​ហ្វូង បាន​ចាប់​បោក​លោក ផល ហេយស៍ ជា​ស្មៀន​ទៅ​លើ​ថ្ម​ឲ្យ​របួស​ធ្ងន់​ក្នុង​បរិវេណ​ភោជនីយដ្ឋាន​ឋាន​ព្រះចន្ទ ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) ខណៈ​លោក ផល ឈោង​ជូន​ដីកា​របស់​តុលាការ​ដែល​កោះ​ហៅ​លោក ហ៊ុន ម៉ាណែត ឲ្យ​ចូល​បំភ្លឺ​ករណី​ចោទ​ប្រកាន់​តាម​បណ្ដឹង​ភរិយា​លោក មាជ សុវណ្ណារ៉ា។

តុលាការ​ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) បាន​បើក​សវនាការ​បង្ហាញ​អង្គ​ហេតុ និង​ភស្តុតាង ករណី​បង្ក​របួស​ស្នាម​លើ​ស្មៀន​រត់​ការ​ឯកសារ​របស់​តុលាការ ឈ្មោះ ផល ហេយស៍ (Paul Hayes) ដោយ​ក្រុម​អង្គរក្ស​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១៣ មេសា។ បន្ទាប់​ពី​សវនាការ​នោះ លោក អ៊ុច សុខខាំបូ ជំនួយការ​មេធាវី​ឲ្យ​លោក មូរតុន ក្លារ (Morton Sklar) មាន​ប្រសាសន៍​ថា លោក​ចៅក្រម ហ្ស៊ច វូ (George Wu) បាន​លើក​ឡើង​នៅ​ក្នុង​សវនាការ​ថា ការ​ចេញ​ដីកា​ទៅ​លោក ហ៊ុន ម៉ាណែត គឺ​មិន​បាន​សម្រេច ដែល​ចៅក្រម​ទំនង​ថា​អាច​មិន​យក​ជា​បាន​ការ៖ «»។

លោក​ថា សាលក្រម​របស់​តុលាការ នឹង​ចេញ​នៅ​រយៈពេល ១​សប្ដាហ៍​ក្រោយ​សវនាការ​បង្ហាញ​ភស្តុតាង​បញ្ចប់។

ទាក់ទង​នឹង​ការ​បង្វែរ​សំណុំ​រឿង​ទៅ​តុលាការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក ហ៊ុន ម៉ាណែត បាន​នៅ​ឡើយ។

ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ លោក​ពុំ​មាន​ការ​វាយ​តម្លៃ​យ៉ាង​ណា​នៅ​ឡើយ។ តែ​លោក​ថា ដូចជា​មាន​បញ្ហា​យុត្តាធិការ​នៃ​តុលាការ​នៅ​សហរដ្ឋ​អាមេរិក៖ «»។

លោក​មេធាវី មូរតុន ក្លារ ធ្លាប់​លើក​ឡើង​ថា តុលាការ​នៅ​សហរដ្ឋ​អាមេរិក កំពុង​ស៊ើប​អង្កេត​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ករណី​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់ ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង និង​អំពើ​ភេរវកម្ម​អន្តរជាតិ។

បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត នេះ នៅ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ក្តី​លោក មាជ សុវណ្ណារ៉ា ដែល​ជា​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​សញ្ជាតិ​អាមេរិក ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ​ពី​បទ​ដឹកនាំ​កុបកម្ម៕

No comments: